ការទំនាក់ទំនង ទៅវិញទៅមក
តើអ្នកធ្លាប់កប់យោបល់ នៅក្នុងការសន្ទនា ជាមួយមនុស្សដែលនិយាយតែអំពីខ្លួនឯងឬទេ? ដើម្បីជាការគួរសម អ្នកក៏បានចាប់ផ្តើមការសន្ទនានោះ ដោយសួរសំណួរទៅកាន់គាត់។ តែគាត់ក៏បន្តនិយាយអំពីខ្លួនឯងមិនចេះឈប់ ហើយគាត់ក៏មិនដែលបានសួរអ្នកវិញសោះ។ ដូចនេះ ការសន្ទនានោះ ជាការនិយាយតែអំពីខ្លួនគាត់ គឺមិនបាននិយាយអំពីខ្លួនអ្នកសូម្បីតែបន្តិច។
សូមស្រមៃអំពីការដែលព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌ កំពុងស្តាប់ពាក្យអធិស្ឋានរបស់យើង ក្នុងអំឡុងពេលយើងចំណាយពេលស្ងប់ស្ងាត់ជាមួយទ្រង់។ យើងប្រហែលជាបានអានព្រះបន្ទូលទ្រង់ខ្លះៗ ប៉ុន្តែ បន្ទាប់មក ក្នុងការអធិស្ឋាន យើងក៏ប្រែជាទូលទ្រង់ ដោយផ្តោតទៅលើសេចក្តីត្រូវការរបស់យើងតែប៉ុណ្ណោះ។ យើងទូលសូមឲ្យទ្រង់ជួយដោះស្រាយបញ្ហាយើង ជួយបំពេញសេចក្តីត្រូវការផ្នែកហរិញ្ញវត្ថុ ឬប្រោសជម្ងឺខាងសាច់ឈាមរបស់យើង ប៉ុន្តែ យើងមិនបានអនុញ្ញាតឲ្យបទគម្ពីរដែលយើងបានអាននោះ ចូលក្នុងសេចក្តីអធិស្ឋានរបស់យើងទេ។ បានសេចក្តីថា យើងមិនបានយកចិត្តទុកដាក់ ចំពោះអ្វីដែលព្រះបានមានបន្ទូលមកកាន់យើងទេ។
យ៉ាងណាមិញ អ្នកនិពន្ធបទគម្ពីរ ទំនុកដំកើង ជំពួក ១១៩ មិនមានអាកប្បកិរិយ៉ាដូចនេះទេ។ ផ្ទុយទៅវិញ គាត់បានស្វែងរកជំនួយរបស់ព្រះ ដើម្បីឲ្យគាត់អាចយល់ព្រះបន្ទូលទ្រង់ បានជាគាត់មានប្រសាសន៍ថា “សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញសេចក្តីអស្ចារ្យ នៅក្នុងក្រឹត្យវិន័យរបស់ទ្រង់”(ខ.១៨)។ ហើយខណៈពេលដែលគាត់អធិស្ឋាន គាត់បានបង្ហាញឲ្យយើងដឹងថា គាត់បានឲ្យតម្លៃព្រះបន្ទូលព្រះយ៉ាងខ្លាំង បានជាគាត់រាប់ព្រះបន្ទូលទ្រង់ ជា“សេចក្តីអំណរ” របស់គាត់(ខ.២៤)។
ចូរយើងរៀនអធិស្ឋាន ដោយឆ្លើយតប ចំពោះព្រះបន្ទូលរបស់ព្រះ។ ការធ្វើដូចនេះ នឹងនាំឲ្យយើងអាចចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះ បានកាន់តែប្រសើរឡើង។ និយាយរួម យើងត្រូវឲ្យការអានព្រះគម្ពីរ និងការអធិស្ឋានរបស់យើង ក្លាយជាការសន្ទនាទៅវិញទៅមក…
ការប្រែចិត្តទាំងស្រុង
លោកប៊ីល(Bill) គឺជាមិត្តភ័ក្ររបស់ខ្ញុំ កាលរៀននៅសាលាព្រះគម្ពីរជាមួយគ្នា។ គាត់បានទទួលជឿព្រះ ដោយលាចាកពីការរស់នៅ ដែលពេញដោយអំពើបាបដ៏ស្មោកគ្រោក។ គាត់បានរៀបរាប់ ពីទីបន្ទាល់នៃជីវិតរបស់គាត់ យ៉ាងដូចនេះថា “មានពេលមួយ ខ្ញុំបានបើកបរឡាន តាមដងផ្លូវ ដោយមានស្រាប្រេនឌីផឹក នៅក្នុងដៃផង ហើយមានប្រពន្ធរបស់គេម្នាក់ អង្គុយនៅក្បែរខ្ញុំទៀត។ នៅពេលដែលខ្ញុំឃើញគ្រីស្ទបរិស័ទមួយចំនួន កំពុងផ្សាយដំណឹងល្អ អំពីព្រះគ្រីស្ទ ដល់អ្នកដំណើរនៅតាមចិញ្ចើមផ្លូវ ខ្ញុំក៏បានបើកអែបពួកគេ ហើយស្រែកឲ្យថា ‘ពួកអាភ្លើ!’ ប៉ុន្តែ ពីរបីសប្តាហ៍ក្រោយមក ខ្ញុំក៏បានទៅលុតជង្គង់នៅក្នុងព្រះវិហារ ហើយអធិស្ឋានទទួលព្រះយេស៊ូវ ជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះនៃជីវិតខ្ញុំ។” ការប្រែចិត្តរបស់លោកប៊ីល ក៏បាននាំឲ្យគាត់លះបង់ចោលជីវិតចាស់របស់គាត់ ហើយពិសោធនូវជីវិតថ្មីក្នុងព្រះគ្រីស្ទ។ នេះជាដំណើរនៃការផ្លាស់ប្រែជីវិតទាំងស្រុង។
ការប្រែចិត្តដ៏ពិតប្រាកដកើតឡើង ពេលដែលព្រះវិញ្ញាណបរិសុទ្ធបណ្តាលចិត្ត ហើយក៏រាប់បញ្ចូលការផ្លាស់ប្រែទាំងស្រុងផងដែរ។ ជាញឹកញាប់ យើងសង្កេតឃើញថា អ្នកណាដែលមានការប្រឆាំងនឹងដំណឹងល្អកាន់តែខ្លាំង មុនពេលប្រែចិត្ត អ្នកនោះច្រើនតែមានការផ្លាស់ប្រែ ក្នុងជីវិតកាន់តែខ្លាំងផងដែរ។ ជាក់ស្តែង នៅពេលដែលលោកសុល ដែលជាអ្នកស្រុកតើសុស បានជួបព្រះគ្រីស្ទ នៅតាមផ្លូវទៅក្រុងដាម៉ាស ជីវិតគាត់ក៏បានផ្លាស់ប្រែ ពីអ្នកបៀតបៀន មកជាអ្នកប្រកាសដំណឹងល្អវិញ។ បានជាមានមនុស្សជាច្រើនបានធ្វើការកត់សំគាល់ថា “អ្នកដែលធ្វើទុក្ខគេកាលពីដើម ឥឡូវនេះកំពុងផ្សាយដំណឹងពីសេចក្តីជំនឿ ដែលខ្លួនបានបំផ្លាញពីដើមនោះវិញ”(កាឡាទី ១:២៣)។
ការផ្លាស់ប្រែដ៏ពិតប្រាកដ ត្រូវមានការប្រែចិត្ត ដែលជាការផ្លាស់ប្រែគំនិត និងទិសដៅនៃជីវិត។ សម្រាប់អ្នកដើរតាមព្រះគ្រីស្ទ…
សំលៀងគ្នា ទៅវិញទៅមក
ការទំនាក់ទំនង តាមបណ្តាញសង្គម ក្នុងប្រព័ន្ធអ៊ីនធ័រណែត កំពុងមានការកើនឡើងកាន់តែខ្លាំង។ ទោះមនុស្សរស់នៅឆ្ងាយពីគ្នាយ៉ាងណាក្តី ក៏ពួកគេនៅតែអាចចែករំលែកពត៌មានដល់គ្នាទៅវិញទៅមក និងអាចជជែកគ្នាពីចម្ងាយ តាមប្រព័ន្ធអ៊ីនធ័រណែត តាមរយៈហ្វេសប៊ុក ប្លក់ ទ្វីតទ័រ និងវេបលីងជាដើម។ ទន្ទឹមនឹងនោះ យើងអាចប្រើបណ្តាញសង្គមទាំងនេះ ដើម្បីចែកចាយ និងទទួលសេចក្តីបង្រៀនខាងវិញ្ញាណផងដែរ។
ប៉ុន្តែ យើងនៅតែចាំបាច់ត្រូវទៅទទួលការបង្រៀន ដោយផ្ទាល់ ពីគ្រីស្ទបរិស័ទដែលពេញវ័យខាងវិញ្ញាណ។ គឺដូចដែល “លោកអេលីសេ បានដើរតាមហោរ៉ាអេលីយ៉ា”(១ពង្សាវតាក្សត្រ ១៩:២១) និងដូចដែលសាវ័កប៉ុលបានបង្រៀនណែនាំលោកធីម៉ូថេ “ដូចជាកូនខាងព្រលឹងវិញ្ញាណរបស់គាត់”(១ធីម៉ូថេ ១:២)។ គាត់ក៏បានទូន្មានលោកធីម៉ូថេឲ្យរៀបចំប្រព័ន្ធនៃការបង្កើតសិស្សតគ្នា ពីមួយជំនាន់ទៅមួយជំនាន់ទៀត ដើម្បីឲ្យពួកជំនុំមានចំនួនកើនឡើងខាងវិញ្ញាណ ជាពហុគុណ(២ធីម៉ូថេ ២:២)។ លោកម៉ូសេក៏បានបង្គាប់ឪពុកម្តាយទាំងឡាយឲ្យបង្រៀនកូន យ៉ាងយកចិត្តទុកដាក់ គ្រប់ពេលវេលា “ក្នុងកាលដែលអង្គុយនៅក្នុងផ្ទះ ហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង”(ចោទិយកថា ៦:៧)។ យ៉ាងណាមិញ ព្រះយេស៊ូវគ្រីស្ទ ដែលជាគ្រូបង្រៀនដ៏ខ្ពស់បំផុតនៃយើង ទ្រង់ក៏បានបង្រៀនពីររបៀបបង្កើតសិស្ស “គឺទ្រង់តម្រូវ១២នាក់ ឲ្យបាននៅជាមួយនឹងទ្រង់ ដើម្បីឲ្យទ្រង់បានចាត់គេឲ្យចេញទៅប្រកាសប្រដៅ”(ម៉ាកុស ៣:១៤)។
តាមរយៈសេចក្តីបង្រៀនក្នុងបទគម្ពីរទាំងនេះ យើងមើលឃើញតម្លៃនៃការទំនាក់ទំនង ដោយជួបមុខទល់នឹងមុខ នៅតាមកន្លែងផ្សេងៗ ដើម្បីឲ្យយើងអាចសំលៀងសេចក្តីជំនឿ និងជីវិតខាងវិញ្ញាណ ដល់គ្នាទៅវិញទៅមក(សុភាសិត ២៧:១៧)។ នៅក្នុងដំណើរនៃជីវិតរបស់យើង គឺមានពេលដែលយើងអាចទទួលបានផលប្រយោជន៍ ពីការណែនាំដ៏វៃឆ្លាត ឬក៏អាចផ្តល់ការណែនាំដ៏វៃឆ្លាតនោះ…
ការសង្ស័យ និងសេចក្តីជំនឿ
តើគ្រីស្ទបរិស័ទដែលមានការសង្ស័យអំពីសេចក្តីជំនឿរបស់ខ្លួនម្តងម្កាង អាចមានប្រសិទ្ធិភាព នៅក្នុងការងារបម្រើព្រះឬទេ។ អ្នកខ្លះគិតថា គ្រីស្ទបរិស័ទដែលពេញវ័យ ហើយមានការលូតលាស់ មិនដែលមានការសង្ស័យ អំពីសេចក្តីជំនឿរបស់ខ្លួនទេ។ ប៉ុន្តែ យើងត្រូវដឹងថា មានបទពិសោធន៍ខ្លះជួយស្អាងជំនឿរបស់យើង ហើយក៏ មានបទពិសោធន៍ដែលអាចនាំឲ្យយើងមានការសង្ស័យម្តងម្កាលផងដែរ។
ពេលសាវ័កថូម៉ាសមានការសង្ស័យ អំពីការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ បានជាគាត់និយាយថា “បើខ្ញុំមិនឃើញស្នាមដែកគោល នៅព្រះហស្តទ្រង់ ទាំងលូកម្រាមដៃទៅក្នុងស្នាមដែកគោលនោះ ហើយលូកដៃខ្ញុំទៅក្នុងចំហៀងទ្រង់ នោះខ្ញុំមិនព្រមជឿទេ”(យ៉ូហាន ២០:២៥)។ ព្រះគ្រីស្ទមិនបានស្តីបន្ទោសលោកថូម៉ាសទេ ផ្ទុយទៅវិញ ទ្រង់បានបង្ហាញភស្តុតាង ដែលគាត់បានសួររកនោះទៀតផង។ សាវ័កថូម៉ាសក៏បានទូលទ្រង់ ទាំងចិត្តភ្ញាក់ផ្អើលថា “ឱព្រះអម្ចាស់នៃទូលបង្គំ ឱព្រះនៃទូលបង្គំអើយ”(២០:២៨)។ បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង ព្រះគម្ពីរសញ្ញាថ្មីមិនបាននិយាយអ្វីទៀត អំពីលោកថូម៉ាសទេ។
ទោះជាយ៉ាងណាក៏ដោយ មានឯកសារមួយចំនួនរបស់ពួកជំនុំដំបូង បានអះអាងថា លោកថូម៉ាសបានទៅបំពេញបេសកកម្ម នៅប្រទេសឥណ្ឌា។ គាត់បានផ្សាយដំណឹងល្អ ធ្វើការអស្ចារ្យ និងបង្កើតពួកជំនុំនៅទីនោះ។ ក្នុងចំណោមពួកជំនុំទាំងនោះ មានពួកជំនុំខ្លះ នៅតែមានដំណើរការជាធម្មតា ហើយបានអះអាងថា លោកថូម៉ាសជាស្ថាបនិករបស់ខ្លួនទៀតផង។
យើងមិនត្រូវបណ្តោយឲ្យការសង្ស័យ ក្លាយជាទម្លាប់របស់យើងឡើយ។ ចូរអនុញ្ញាតឲ្យព្រះដឹកនាំអ្នក ដើម្បីឲ្យអ្នកមានការយល់ដឹងកាន់តែស៊ីជម្រៅ អំពីសេចក្តីពិតរបស់ទ្រង់។ ចូរធ្វើឲ្យជំនឿរបស់អ្នកថ្មីឡើង។ អ្នកនៅតែអាចសម្រេចកិច្ចការធំថ្វាយទ្រង់។–Dennis Fisher
ការកម្សាន្តចិត្ត ក្នុងពេលជាប់ជាឈ្លើយ
នៅថ្ងៃទី ១០ កុម្ភះ ឆ្នាំ ១៦៧៥ អ្នកតាំងទីលំនៅប្រហែល៥០ក្រុមគ្រួសារ នៅក្នុងភូមិមួយ នៅក្រុងលេនខាស់ស្ទ័រ រដ្ឋម៉ាសាឈូសេត កំពុងខ្លាចជនជាតិដើម នៅអាមេរិក វាយលុកចូលកន្លែងរស់នៅរបស់ពួកគេ។ លោកយ៉ូសែប រ៉លែនសិន(Joseph Rowlandson) ដែលជាអ្នកបម្រើព្រះនិកាយភួរីទិន(Puritan) នៅក្នុងភូមិនោះ កំពុងសុំការការពារពីរដ្ឋាភិបាល នៅក្រុងបូស្តុន(Boston) ពេលដែលអ្នកស្រីម៉ារី(Mary) ដែលជាភរិយារបស់គាត់ កំពុងនៅជាមួយកូនៗ ក្នុងភូមិនោះ។ ពេលថ្ងៃរះឡើង ពួកជនជាតិដើមទាំងនោះ ក៏បានវាយលុកចូលក្នុងភូមិ។ ពួកនោះសម្លាប់ប្រជាជនមួយចំនួន ហើយបានចាប់អ្នកស្រីម៉ារី និងអ្នកដែលរួចជីវិតដទៃទៀត យកទៅជាមួយ។ អ្នកស្រីម៉ារីបានពិសោធនឹងភាពសប្បុរស ក៏ដូចជាភាពសាហាវព្រៃផ្សៃរបស់ពួកនោះ។ ពួកជនជាតិដើមអាមេរិក បានដឹងលក្ខណៈនៃជំនឿសាសនារបស់ប្រជាជនទាំងនោះ បានជាពួកគេប្រគល់ព្រះគម្ពីរមួយក្បាលឲ្យនាង គឺព្រះគម្ពីរដែលពួកគេបានរឹបអូសយកកាលនោះ។ ក្រោយមក នាងក៏បានសរសេរក្នុងសៀវភៅកំណត់ហេតុរបស់នាង អំពីការនឹកចាំអំពី “សេចក្តីសប្បុរសរបស់ព្រះ ដែលបានប្រទាននូវបទគម្ពីរជាច្រើន ដើម្បីលើកទឹកចិត្តនាង ត្រូវនឹងស្ថានភាពដ៏លំបាក ក្នុងពេលនោះ”។ ព្រះបន្ទូលព្រះបានផ្តល់ឲ្យនាង នូវការកម្សាន្តចិត្តដ៏អស្ចារ្យ មុនពេលគេលោះនាង នៅថ្ងៃទី២ ខែសីហា។
ពេលដែលពួកសាសន៍យូដាបានដឹងថា ចក្រភពបាប៊ីឡូន នឹងលើកទ័ពចូលមកចាប់ពួកគេជាឈ្លើយ(អេសាយ ៣៩:៥-៧) ពួកគេប្រាកដជាមានទុក្ខព្រួយជាខ្លាំង។ ប៉ុន្តែ សូម្បីតែនៅពេលដែលពួកគេកំពុងរង់ចាំទុក្ខវេទនានោះមកដល់ ក៏ព្រះទ្រង់នៅតែកម្សាន្តចិត្តពួកគេ ដោយពាក្យថា “ព្រះបន្ទូលនៃព្រះយេហូវ៉ាដែលបានថានោះ ក៏ល្អហើយ!”(ខ.៨)។…
ការធ្វើឲ្យសត្រូវក្លាយជាមិត្ត
នៅសម័យសង្រ្គាមស៊ីវិល នៅសហរដ្ឋអាមេរិក សេចក្តីសម្អប់ក៏បានកើតមានយ៉ាងធ្ងន់ធ្ងររវាងប្រជាជននៅភាគខាងជើង និងភាគខាងត្បូង។ ជាក់ស្តែង មានពេលមួយ លោកប្រធានាធិបតី អ័ប្រាហាំ លីនខិន(Abraham Lincoln) បានទទួលរងការរិះគន់ ពេលគាត់ប្រាប់គេឲ្យប្រព្រឹត្តដោយចិត្តសប្បុរស ចំពោះពួកឧទ្ទាមនៅភាគខាងត្បូង។ អ្នករិះគន់នោះ បានរំឭកលោកលីនខិនថា ប្រទេសជាតិកំពុងមានសង្គ្រាម ហើយពួករដ្ឋសហព័ន្ធគឺជាខ្មាំងសត្រូវ ដែលគួរទទួលរងវិនាសកម្ម។ តែលោកលីនខិនបានឆ្លើយតប យ៉ាងឆ្លាតវ័យថា “ខ្ញុំនឹងបំផ្លាញសត្រូវរបស់ខ្ញុំ ដោយធ្វើឲ្យពួកគេក្លាយជាមិត្តភ័ក្ររបស់ខ្ញុំ”។
ប្រសាសន៍របស់លោកលីនខិន គឺគួរឲ្យយើងយកមកពិចារណា។ ប្រសាសន៍របស់គាត់បានឆ្លុះបញ្ចាំង អំពីការបង្រៀនរបស់ព្រះយេស៊ូវនៅលើភ្នំ ដែលកាលនោះ ទ្រង់មានបន្ទូលថា “ខ្ញុំប្រាប់ថា ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ ត្រូវឲ្យពរដល់អ្នកណាដែលប្រទេចផ្តាសា ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា ហើយត្រូវអធិស្ឋាន ឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ ដើម្បីឲ្យបានធ្វើជា កូនរបស់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌”(ម៉ាថាយ ៥:៤៤-៤៥)។
ក្នុងការរស់នៅ យើងនឹងជួបប្រទះមនុស្សពិបាកៗជាច្រើន ដែលយើងត្រូវមានការអត់ធ្មត់ជាប្រចាំ។ ប៉ុន្តែ យើងមិនត្រូវធ្វើការអាក្រក់ ឬធ្វើទុក្ខពួកគេ តាមការល្បួងនោះឡើយ ព្រោះនោះមិនមែនជាផ្លូវរបស់ព្រះទេ។ ផ្ទុយទៅវិញ យើងត្រូវអធិស្ឋានឲ្យពួកគេ និងបង្ហាញចេញនូវសេចក្តីសប្បុរស ដោយគិតពីប្រយោជន៍របស់ពួកគេ ហើយត្រូវផ្តោតទៅលើភាពវិជ្ជមាន។
កាលណាយើងប្រព្រឹត្តដូចនេះ ខ្មាំងសត្រូវរបស់យើងអាចក្លាយជាមិត្តភ័ក្ររបស់យើង។ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែឆ្លើយតបដោយវិជ្ជមាន ចំពោះយើងឡើយ តែយើងអាចអធិស្ឋានហើយរៀបផែនការធ្វើឲ្យទំនាក់ទំនងកាន់តែមានភាពសុខដុម។ តើមានមនុស្សពិបាកៗ ដែលអ្នកអាចចាប់ផ្តើមរាប់អានជាមិត្តភ័ក្រឬទេ?—Dennis Fisher
លោកដូរាន ក្រេយ
រឿង “រូបភាពរបស់លោកដូរាន ក្រេយ(Dorian Gray)” ជាប្រភេទរឿងប្រលោមលោក នៅសម័យក្សត្រីវិចតូរីយ៉ា(Victoria)។ រឿងនេះបានបកស្រាយអំពីភាពខុសគ្នារវាងអត្តសញ្ញាណរបស់យើង ដែលអ្នកដទៃបានស្គាល់តែសម្បកក្រៅ និងអត្តសញ្ញាណពិតដែលយើងមាន នៅខាងក្នុង។ រឿងនេះបានដំណាលថា មានយុវជនវ័យក្មេង និងសង្ហាម្នាក់ឈ្មោះ ដូរាន ក្រេយ បានឲ្យគេគូរូបរបស់គាត់ នៅលើផ្ទាំងគំនូរ បន្ទាប់មក គាត់ក៏ស្រាប់តែមានខ្លាចភាពចាស់ជារា ហើយគាត់ប្រាថ្នាសូមឲ្យរូបគំនូរបស់គាត់ មានភាពវ័យចំណាស់ជំនួសគាត់វិញ។
មិនយូរប៉ុន្មាន គាត់ក៏បានដូចក្តីបំណង។ រូបដ៏ក្មេងវ័យរបស់គាត់ក្នុងគំនូនោះ ដែលបានឆ្លុះបញ្ចាំងអំពីវិញ្ញាណថប់ព្រួយរបស់គាត់ ក៏បានប្រែក្លាយជារូបដ៏វ័យចំណាស់ ហើយមានសម្រស់តែអាក្រក់ឡើងៗ ដោយសារអំពើបាបដែលគាត់ប្រព្រឹត្តកាន់តែច្រើនឡើងៗ ខណៈដែលសាច់ឈាមពិតរបស់គាត់ នៅតែមានវ័យក្មេងដដែល។ ដូចនេះ គាត់ល្អតែសម្បកក្រៅ តែចិត្តរបស់គាត់មានភាពពុករលួយ។
ព្រះយេស៊ូវបានស្តីបន្ទោសឲ្យពួកផារិស៊ី ដែលបានបង្ហាញចេញនូវភាពពុតត្បុត ដែលស្រដៀងនឹងលោកដូរានដែរ។ មានពួកផារិស៊ីជាច្រើនជាមនុស្សមានអំណួត ដែលចូលចិត្តធ្វើឲ្យពួកបណ្តាជនយល់ថា ខ្លួនជាអ្នកប្រតិបត្តិតាមជំនឿ។ ប៉ុន្តែ ពួកគេមានអំពើបាប ដែលលាក់កំបាំងជាច្រើននៅខាងក្នុង។ ហេតុនេះហើយ បានជាព្រះយេស៊ូវទ្រង់ប្រដូចពួកគេទៅនឹង “ម៉ុងខ្មោចដែលលាបស ឯខាងក្រៅ ល្អមើលពិតមែន តែខាងក្នុងមានពេញដោយឆ្អឹងខ្មោច និងសេចក្តីស្មោកគ្រោកគ្រប់មុខវិញ”(ម៉ាថាយ ២៣:២៧)។
យ៉ាងណាមិញ អារក្សតែងល្បួងឲ្យយើងបង្ហាញចេញនូវរូបភាពក្លែងក្លាយ សម្រាប់ឲ្យអ្នកដទៃមើល។ ប៉ុន្តែ ព្រះទ្រង់ជ្រាបចិត្តរបស់យើង(១សាំយ៉ូអែល ១៦:៧ សុភាសិត ១៥:៣)។ ពេលដែលយើងសារភាពបាប និងបើកចំហរចិត្ត…
ការស្វែងយល់ពីសត្វស្រម៉ោច
លោកម៉ាក ម៉ូហ្វេត(Mark Moffett) គឺជាអ្នក និពន្ធសៀវភៅរឿង ដំណើរផ្សងព្រេងជាមួយហ្វូងស្រម៉ោច : ដំណើររកមើលសត្វស្រម៉ោចទូទាំងពិភពលោក ដែលមានសត្វស្រម៉ោចរាប់សែនកោដិដើរតួរ។ រឿងនេះបានឆ្លុះបញ្ចាំង អំពីចំណង់ចំណូលចិត្តដែលគាត់មានចំពោះសត្វស្រម៉ោច ពេលគាត់នៅក្មេង ហើយទោះជាគាត់បានចម្រើនវ័យធំឡើង ក៏គាត់នៅតែមានចំណង់ចំណូលចិត្តបែបនេះដដែល។ ការវក់ចិត្តនឹងសត្វស្រម៉ោចនេះ បាននាំឲ្យគាត់ខំសិក្សាស្រាវជ្រាវ រហូតទទួលបានសញ្ញាប័ត្របណ្ឌិត នៅសកលវិទ្យាល័យហាវើត(Harvard) ហើយគាត់ក៏បានធ្វើដំណើរទូទាំងពិភពលោក ក្នុងនាមជាអ្នកជំនាញ នៅក្នុងមុខវិជ្ជាមួយនេះ។ ការសិក្សារបស់គាត់បាននាំឲ្យគាត់ទទួលបានការយល់ដឹងដ៏អស្ចារ្យ អំពីសត្វដ៏ឧស្សាហ៍ទាំងអស់នោះ។
តាំងពីយូរមកហើយ មុនពេលដែលលោកម៉ូហ្វេតរុករកឃើញភាពអស្ចារ្យខ្លះៗ នៃពិភពសត្វស្រម៉ោច ព្រះគម្ពីរបានចែងអំពីភាពឆ្លាតវ័យ និងសីលធម៌ការងារនៃសត្វល្អិតដ៏តូចមួយប្រភេទនេះ។ ស្តេចសាឡូម៉ូនដ៏មានប្រាជ្ញា ទ្រង់បានយកសត្វស្រម៉ោចធ្វើជាឧទាហរណ៍គំរូនៃភាពឧស្សាហ៍ព្យាយាម សម្រាប់ឲ្យមនុស្សខ្ចិលទាំងឡាយយកតម្រាប់តាម គឺដូចដែលទ្រង់បានចែងថា “ឱមនុស្សខ្ជិលច្រអូសអើយ ចូរទៅមើលស្រមោចចុះ ចូរពិចារណាផ្លូវទាំងប៉ុន្មានរបស់វា ហើយមាន ប្រាជ្ញាឡើង វាគ្មាននាយ គ្មានអ្នកកាន់កាប់ការ ឬអ្នកគ្រប់គ្រងឡើយ គង់តែវាផ្គត់ផ្គង់អាហារវានៅខែប្រាំង ហើយក៏ប្រមូលស្បៀងទុក ក្នុងរដូវចំរូតផង”(សុភាសិត ៦:៦-៨)។
ព្រះទ្រង់បានពិពណ៌នាអំពីស្នាព្រះហស្ថដ៏អស្ចារ្យរបស់ទ្រង់ ដោយប្រើសត្វដែលទ្រង់បានបង្កើតដើម្បីបង្រៀនយើង។ ជាក់ស្តែង តាមរយៈការបង្រៀនអំពីសត្វស្រម៉ោច យើងអាចមើលឃើញសារៈសំខាន់នៃការធ្វើផែនការទុកជាមុន និងការត្រៀមស្បៀងសម្រាប់ផ្គត់ផ្គង់នៅពេលអនាគត(៣០:២៥)។ ព្រះទ្រង់បានប្រើធម្មជាតិ ដើម្បីចងក្រងមេរៀនខាងវិញ្ញាណ ហើយសូម្បីតែសត្វស្រម៉ោចដ៏តូចល្ងិត ក៏អាចឲ្យយើងរៀនសូត្រពីពួកវាបានដែរ។—Dennis Fisher
សេចក្តីអធិស្ឋាន ក្នុងសារអេឡិចត្រូនីច
ពេលកន្លងមក មិត្តភ័ក្ររបស់ខ្ញុំម្នាក់បានប្រឈមមុខនឹងការវះកាត់។ គេបានវះកាត់ដាក់ដែកពីរបន្ទះនៅខ្នងគាត់ ហើយបានតភ្ជាប់សរសៃកែងជើងរបស់គាត់ បានជាធ្វើឲ្យមានការឈឺចាប់យ៉ាងខ្លាំង នៅក្នុងសាច់ឈាមរបស់គាត់។ បន្ទាប់ពីបានកម្សាន្តចិត្តគាត់ ដោយការអធិស្ឋានជាមួយគាត់ហើយ ខ្ញុំក៏បានលើកទឹកចិត្តគាត់ជាបន្តទៀត ដោយការផ្ញើសារទៅគាត់ ដែលនេះជាវិធីលើកទឹកចិត្តដ៏ប្រសើរមួយ។ ដូចនេះ ខ្ញុំក៏បានផ្ញើអ៊ីមែល(សារអេឡិចត្រូនិច) ទៅគាត់ យ៉ាងដូចនេះថា ៖
“ថ្ងៃនេះ ខ្ញុំបានអធិស្ឋានឲ្យអ្នកថា ៖
ឱព្រះដ៏មានព្រះជន្មរស់ ទូលបង្គំសូមអរព្រះគុណទ្រង់ ដែលមានអំណាចគ្រប់គ្រង់ លើហេតុការណ៍ទាំងអស់នៃជីវិត។ ជួសមុខឲ្យអ្នកបម្រើជាទីស្រឡាញ់របស់ទ្រង់ ទូលបង្គំសូមអធិស្ឋាន សូមឲ្យគាត់មានសន្តិភាពដ៏ជ្រាលជ្រៅ ក្នុងចិត្តគាត់។ សូមទ្រង់ប្រទានពរដល់គ្រូពេទ្យទាំងអស់ដែលកំពុងប្រើជំនាញពេទ្យរបស់ខ្លួន សូមឲ្យពួកគេបានទទួលលទ្ធផលល្អ។ សូមព្រះហស្ថទ្រង់ពាល់គាត់ ដោយប្រោសគាត់ឲ្យជា ហើយសូមឲ្យគាត់បានវិលត្រឡប់មកធ្វើការបម្រើទ្រង់វិញ។ ទូលបង្គំសូមអធិស្ឋាន ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាមែន”។
យ៉ាងណាមិញ សាវ័កប៉ុលក៏បានសរសេរសេចក្តីអធិស្ឋានក្នុងសំបុត្រ ដើម្បីលើកទឹកចិត្តអ្នកជឿព្រះដទៃទៀតផងដែរ(ភីលីព ១:៩-១១ កូល៉ុស ១:៩-១២ ២ថែស្សាឡូនិច ១:១១-១២)។ គឺដូចដែលគាត់បានសរសេរទៅកាន់ពួកជំនុំនៅក្រុងអេភេសូរថា “នោះខ្ញុំមិនដែលលែងអរព្រះគុណ ដោយព្រោះអ្នករាល់គ្នាឡើយ គឺខ្ញុំតែងដំណាលពីអ្នករាល់គ្នា ក្នុងសេចក្តីអធិស្ឋានរបស់ខ្ញុំវិញ ដើម្បីនឹងសូមឲ្យ ព្រះនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង គឺជាព្រះវរបិតាដ៏មានសិរីល្អ បានប្រទានឲ្យអ្នករាល់គ្នាបានព្រះវិញ្ញាណ ដែលប្រោសឲ្យមានប្រាជ្ញា ហើយក៏បើកសំដែង ឲ្យដឹងពីដំណើរស្គាល់ទ្រង់”(១:១៦-១៧)។
តើអ្នកមានមិត្តភ័ក្រ ឬសមាជិកគ្រួសារណាម្នាក់ ដែលត្រូវការការអធិស្ឋានលើកទឹកចិត្តពីអ្នក ក្នុងពេលឥឡូវនេះទេ?…
ការសរសើរតម្កើងព្រះ សម្រាប់ការឃុំគ្រង់របស់ទ្រង់
ក្នុងសៀវភៅដែលលោកចេម ហ្វេនីមរ ឃូភ័រ(James Fenimore Cooper) បាននិពន្ធ ដែលមានចំណងជើងថា អ្នកចុងក្រោយ នៃកុលសម្ព័នម៉ូហិកិន យើងអាចកត់ចំណាំតួអង្គមួយ ដែលមានឈ្មោះ ដាវីឌ កាមូទ(David Gamut)។ ក្នុងរឿងនោះ គាត់ជាគ្រីស្ទបរិស័ទដែលមានការប្តូរប្តេជ្ញនៅក្នុងជំនឿ ដែលចូលចិត្តច្រៀងបទទំនុកតម្កើង ជាមួយបទភ្លេង ហើយគាត់បានច្រៀងបទទាំងនោះ ទោះជាជីវិតរបស់គាត់ជួបកាលៈទេសៈបែបណាក៏ដោយ។ លោកកាមូទជឿថា គាត់អាចទុកចិត្តព្រះបាន នៅពេលមានវិបត្តិ ក៏ដូចជានៅពេលយើងជួបការល្អ។ គាត់បានរស់នៅ ក្នុងជីវិតដែលសរសើរតម្កើងអំណាចឃុំគ្រងរបស់ព្រះ ដែលមានអំណាចលើគ្រប់ទាំងអស់ មានសិទ្ធិអំណាច និងការគ្រប់គ្រងលោកិយ។
ព្រះគម្ពីរបានប្រាប់យើងអំពីបុរសម្នាក់ទៀត ដែលមានឈ្មោះ ដាវីឌ ដែរ ដែលជាមនុស្សមានសាច់ឈាមពិត ហើយធ្លាប់ឆ្លងកាត់កាលៈទេសៈនៃជីវិត ដែលមិននឹកស្មានដល់ ហើយចូលចិត្តឆ្លើយតបចំពោះព្រះ ដោយការសរសើរតម្កើង។ អ្នកនោះគឺស្តេចដាវីឌនៃ នគរអ៊ីស្រាអែល។ ទ្រង់ជាអ្នកដែលបានផ្តួលកូលីយ៉ាត ដោយបាញ់នឹងដង្ហក់ និងជាអ្នកដែលស្តេចសូល តាមសម្លាប់ ហើយជាអ្នកដឹកនាំជនជាតិអ៊ីស្រាអែល។ តែក្នុងស្ថានភាពទាំងអស់នេះ ដាវីឌបានចំណាយពេលនិពន្ធ និងច្រៀងបទទំនុកតម្កើង ដល់ព្រះដែលមានអំណាចគ្រប់គ្រងលើទាំងអស់។ ឧទាហរណ៍ ទ្រង់បានសរសេរថា “ព្រះយេហូវ៉ាទ្រង់បានតាំងបល្ល័ង្កទ្រង់នៅលើស្ថានសួគ៌ ហើយរាជ្យទ្រង់ក៏គ្រប់គ្រងលើទាំងអស់”(ទំនុកតម្កើង ១០៣:៩)។ ស្តេចដាវីឌបានដឹងថា ទោះក្នុងស្ថានភាពណាក៏ដោយ ក៏យើងនៅតែអាចថ្វាយបង្គំ និងអរព្រះគុណព្រះ ចំពោះការយកព្រះទ័យទុកដាក់ និងការគ្រប់គ្រងរបស់ទ្រង់។…